ក្រុមហ៊ុនមេ TikTok មានគម្រោងបញ្ឈប់បុគ្គលិកជាង ៧០០នាក់នៅម៉ាឡេស៊ី ដោយងាកទៅពឹងផ្អែកលើ បញ្ញាសិប្បនិម្មិត (AI) ជំនួសវិញ
ម៉ាឡេស៊ី៖ ក្រុមហ៊ុនចិន ByteDance ដែលមេធំរបស់បណ្តាញសង្គម TikTok បានបញ្ឈប់បុគ្គលិកជាង ៧០០នាក់ពីអង្គភាពម៉ាឡេស៊ីរបស់ខ្លួន។ ខណៈការបញ្ឈប់នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញជាសកលក្នុងគោលបំណងបង្កើនការសម្របសម្រួលមាតិកាតាមរយៈការពឹងផ្អែកការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
បុគ្គលិកភាគច្រើនដែលមានឈ្មោះក្នុងប្រតិបត្តិការសម្របសម្រួលមាតិការបស់ TikTok ត្រូវបានជូនដំណឹងអំពីការបញ្ឈប់តាមរយៈអ៊ីមែលកាលពីល្ងាចថ្ងៃពុធ ដោយសុំមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
អ្នកនាំពាក្យ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុងធ្វើការផ្លាស់ប្តូរទាំងនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រឹងបន្ថែមទៀតនូវគំរូប្រតិបត្តិការសកលរបស់យើងសម្រាប់ការសម្របសម្រួលមាតិកា»។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា «ក្រុមហ៊ុនរំពឹងថា នឹងវិនិយោគប្រមាណ ២ពាន់លានដុល្លារនៅទូទាំងពិភពលោក លើទំនុកចិត្ត និងសុវត្ថិភាពនៅឆ្នាំនេះ ហើយនឹងបន្តបង្កើនប្រសិទ្ធភាព ដោយ ៨០ភាគរយនៃមាតិកាបំពានគោលការណ៍ណែនាំ នឹងត្រូវបានដកចេញដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ»។
គួរជម្រាបថា ByteDance មានបុគ្គលិកជាង ១១០,០០០នាក់នៅក្នុងទីក្រុងជាង ២០០ទូទាំងពិភពលោក នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ ជុំវិញការបញ្ឈប់បុគ្គលិកជុំនេះនៅក្នុងប្រទេសម៉ាឡេស៊ី កើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាសកលប្រឈមមុខនឹងសម្ពាធបទប្បញ្ញត្តិកាន់តែខ្លាំងនៅក្នុងប្រទេសនេះ ខណៈដែលរដ្ឋាភិបាលបានស្នើឱ្យប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការត្រឹមខែមករា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត៕