អង្គការសហប្រជាជាតិបានចាប់ផ្តើមយុទ្ធនាការកៀរគររកថវិកា៦.៥លានដុល្លារអាមេរិក ជួយជនរងគ្រោះហ្វីលីពីនពីព្យុះទីហ្វុងរ៉ៃ
អាមេរិក៖អង្គការសហប្រជាជាតិបានចាប់ផ្តើមយុទ្ធនាការមួយនៅថ្ងៃសុក្រ ទី២៤ ធ្នូនេះ ដើម្បីកៀរគររៃអង្គាសប្រាក់ចំនួន៦.៥លានដុល្លារអាមេរិកសម្រាប់ជួយប្រជាជនហ្វីលីពីនដែលរងគ្រោះពីខ្យល់ព្យុះកំណាចទីហ្វុងរ៉ៃ។ ព្យុះទីហ្វុងរ៉ៃដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។
អ្នកសម្របសម្រួលក្នុងប្រទេសហ្វីលីពីនរបស់អង្គការសហប្រជាជាតិ លោក Gustavo Gonzalez បាននិយាយថា ៖«ថ្ងៃសុក្រនេះ យើងនឹងចាប់ផ្តើមកម្រិតក្នុងស្រុកជាមួយនឹងសហគមន៍អន្តរជាតិដែលជាតំណាងនៅទីក្រុងម៉ានីលការបង្ហាញអំពីតម្រូវការមនុស្សធម៌ និងផែនការអាទិភាព»។
ថវិកាដែលបានពីការរៃអង្គាស អង្គការសហប្រជាជាតិគ្រោងយកនឹងទៅជួយជនរងគ្រោះហ្វីលីពីនប្រមាណ ៥៣០ ០០០ នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនិងកំពុងត្រូវការជំនួយបន្ទាន់ដូចជាទឹកស្អាត សម្ភារៈអនាម័យ អាហារ និងទីជម្រកបណ្តោះអាសន្ន។
ក្រុមអ្នកជួយសង្គ្រោះនិងអង្គការមនុស្សធម៌ជាច្រើន បានដុតដៃដុតជើងប្រញាប់ដឹកជំនួយស្បៀងអាហារ ទឹក និងជម្រកបណ្តោះអាសន្នទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ ហើយអង្គការមនុស្សធម៌ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏បានផ្តើមអំពាវនាវកៀរគរកជំនួយដោយមិនបង្អែបង្អង់យូរឡើយ។ក្នុងគ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរក្រោមកម្លាំងវាយប្រហារដ៏ខ្លាំងក្លារបស់ព្យុះទីហ្វុងរ៉ៃ។
សូមបញ្ជាក់ថា ព្យុះទីហ្វុង Rai បានវាយប្រហារផ្នែកជាច្រើននៅប្រទេសហ្វីលីពីនមួយសប្តាហ៍កន្លងទៅហើយដែលបានសម្លាប់មនុស្សហោចណាស់៣៧៥នាក់នៅភាគខាងត្បូង និងភាគកណ្តាលនៃប្រជុំកោះ៕SP