នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវជាង៤០០នាក់ ទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិ
ភ្នំពេញ៖ នៅចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវជាង៤០០នាក់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ចំនួន១៨៤នាក់ ជាកម្លាំងវិស្វកម្មពហុជំនាញ និងទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលចំនួន២១៩នាក់ ជាកម្លាំង វិស្វកម្មនិងកងកម្ទេចគ្រឿងផ្ទុះ ដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្ម រយៈពេល១ឆ្នាំ។
នេះបើតាមការលើកឡើងរបស់លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់ គ្រងកងកម្លាំងរក្សាសន្តិភាព បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ នាយ ទាហានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈ កម្មាធិការជាតិ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។
លោកបានបន្តថា រយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន ៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ ខាងត្បូង លីបង់ ស៊ីប ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃ ដ៏ត្រចះត្រចង់។
នាឱកាសនោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលនៃការបញ្ជូន កងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្លាំងមួកខៀវកម្ពុជាដែលត្រៀមចេញទៅ បេសកកម្ម នេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួមទាំងបរិមាណ និងគុណភាព របស់ប្រមុខរាជរដ្ឋាភិបាល ហើយកម្លាំងទាំងនេះ បាន និងកំពុងទទួលការហ្វឹកហ្វឺនស្រប តាមការកែទម្រង់ថ្មីរបស់ អ.ស.ប. តាមរយៈសកម្មភាពដើម្បីសន្តិភាពបូក និងស្របទៅនឹងការ រស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ