ភ្នំពេញ ៖ដើម្បីបញ្ចប់ករណីវិវាទអំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបុគ្គលិកដែលកំពុងធ្វើការតវ៉ាដោយលើកមូលហេតុថា និយោជកបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ ទៅចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែងជាមួយអធិការការងារឡើងវិញចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ព្រឹក តទៅ ។

ចំពោះករណីបញ្ឈប់ពីការងាររួមគ្នា (មាត្រា៩៥) កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នា នឹងទទួលបាន៖

១៖ ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក (មាត្រា១១៦)

២៖ ប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនតាមច្បាប់ កំណត់ (មាត្រា៧៥ និងមាត្រា៧៧)

៣៖ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

៤៖ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ដែលមិនទាន់បានទូទាត់ (មាត្រា៨៩ថ្មី)។

ជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ពីមូលដ្ឋានសម្រាប់គណនាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមប្រចាំថ្ងៃ គឺត្រូវប្រើប្រាស់ប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមនៃ ១២ខែចុងក្រោយ ដែលបានធ្វើការពេញលេញ។ ក្នុងនោះក្រសួងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិតទាំងអស់ នឹង ចូលរួមក្នុងកិច្ចប្រជុំខាងលើ ដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត នេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ