លោក ផៃ ស៊ីផាន ឱ្យអ្នកសារព័ត៌មានរាយការណ៍មកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងករណីអ្នកនាំពាក្យតាមស្ថាប័នណា មិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ទៅកាន់អ្នកសារព័ត៌មានគ្រប់និន្នាការទាំងអស់ ត្រូវរាយការណ៍ត្រង់មកកាន់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងករណីអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័នណា ដែលគ្មានពាក្យនាំ ឬមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន ផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោក ផៃ ស៉ីផាន ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ក្នុងជំនួបរវាងលោក ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្ដូរមតិយោបល់គ្នា ជាពិសេសបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ក្នុងការស្វែងរកព័ត៌មាននៅតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋផ្សេងៗ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានកត់សម្គាល់ឃើញថា កន្លងមកលោកតែងតែលឺនូវការរិះគន់ផ្សេងៗ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងការសាកសួរព័ត៌មានទៅកាន់អ្នកនាំពាក្យក្រសួងស្ថាប័ននានា ពីភាពអសកម្ម ឬមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន ប៉ុន្ដែលោកដែលបានទទួលនូវពាក្យបណ្ដឹងណាមួយពីអ្នកសារព័ត៌មាននោះឡើយ។ លោកថា មធ្យោបាយដែលអាចរាយការណ៍មកនោះ គឺតាមរយៈទូរស័ព្ទលោកផ្ទាល់ក៏បាន និងផេកហ្វេសបុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បាន។
លោក ផៃ ស៉ីផាន បានថ្លែងបែបនេះថា «ខ្ញុំជឿជាក់ថា បញ្ហាមួយចំនួនដែលយើងជួប បញ្ហាអ្នកនាំពាក្យក្រសួងថ្នាក់ជាតិ ឬតាមខេត្តមួយចំនួនមិនទាន់ឆ្លើយតបនូវអ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលទេ ហើយក៏ជាការលំបាករបស់អ្នកសារព័ត៌មានដែរ។ ហើយអ្នកសារព័ត៌មាន យើងខ្ញុំមិនទាន់បានការតវ៉ាថា តើអ្នកនាំពាក្យក្រសួងណា ខេត្តណា ដែលមិនទាន់បានបំពេញភារកិច្ចរប ស់ខ្លួនមួយសន្លឹក ឬមួយបណ្ដឹងនៅឡើយទេ»។
លោកបានអះអាងទៀតថា មន្ដ្រីអ្នកនាំពាក្យ គឺមានភារកិច្ច២សំខាន់ណាស់ ពោលទី១៖ ផ្សព្វផ្សាយឆ្លើយតបអំពីតម្លាភាព និងទី២៖ កាតព្វកិច្ចក្នុងការឆ្លងឆ្លើយ ដែលជាការឆ្លើយតបនឹងគណនេយ្យភាព៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ