ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ជាង១ពាន់សំណើរ
ភ្នំពេញ ៖ ក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាលដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំង សាងសង់តូចតាច ក្នុងគោលដៅទាំង៥ ស្រុក-ក្រុង ក្នុងតំបន់ឧទ្យានអង្គរ រួមទាំង ក្រៅតំបន់ឧទ្យានអង្គរ ចំនួនសំណើ២២១៨ ក្នុងនោះ អនុញ្ញាតឲ្យ ប្រជាពលរដ្ឋ ចំនួន១៣១៣សំណើ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ការចុះពិនិត្យ និងអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន នៅស្រុកប្រាសាទបាគង ចំនួន២០១សំណើ ស្រុកអង្គរធំ ចំនួន២៨៣សំណើ ស្រុកពួក ចំនួន២២០សំណើ ក្រុងសៀមរាប ចំនួន៣១៥សំណើ ស្រុកបន្ទាយស្រី ចំនួន២៦៣សំណើ និងក្រៅឧទ្យានអង្គរ ចំនួន៣២សំណើ សរុបចំនួន១៣១៣សំណើ»។
ជាងនេះទៅទៀត ក្រុមការងារសហគមន៍ ក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសាសនា ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកា។ ឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ផ្សេងៗដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។
អាជ្ញាធរជាតិអប្សរា បន្ដថា ក្នុងឆ្នាំ២០២១ បញ្ហាប្រឈមពាក់ព័ន្ធនឹងសំណើសុំជួសជុល និងសាងសង់តូចតាចនៅច្រើន(ក្នុងឧទ្យានអង្គរ) ក្រុមការងារគោលដៅមួយចំនួនបានផ្អាកចុះពិនិត្យ និងដោះស្រាយក្នុងខែខ្លះពី២ទៅ៣សប្តាហ៍ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារនៅតែមាន។
អាជ្ញាធរជាតិអប្សរា បន្ថែមថា ការប្រកាសលក់ដីនៅក្នុងតំបន់ការពារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងការដាក់ស្លាក (ដីលក់)ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។ គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។ បន្តចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ