សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបង្ក្រាបបទល្មើសសម្អាតប្រាក់ សំដៅរក្សាស្ថិរភាព និងសុចរិតភាព នៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំក្រុមការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ បង្ក្រាបបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព សំដៅរក្សាស្ថិរភាព និងសុចរិតភាព នៃប្រព័ន្ធវត្ថុកម្ពុជា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពី គ.ស.ហ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានថ្លែងថា «សូមណែនាំបន្ថែមដល់ក្រុមការងារនៅតាម ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងស្មារតីសហប្រតិបត្តិការខ្ពស់ និងបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវ រៀងៗខ្លួន ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពជាគន្លឹះមួយចំនួននៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងប្រព័ន្ធប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និងសុចរិតភាពនៃប្រព័ន្ធវត្ថុកម្ពុជា»។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពី គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) មានគោលបំណងពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ របស់ប្រទេសកម្ពុជា ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ