កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តដោយជោគជ័យ នូវកាំជ្រួចដែលមានល្បឿនលឿនជាងសំឡេង នៅក្នុងការសាកល្បង អាវុធដ៏សំខាន់លើកដំបូង ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ នៅឆ្នាំនេះ។នេះបើតាមការចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ។
KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ»។ KCNA ក៏បានបង្ហើបពីសមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងកាំជ្រួចល្បឿនលឿនជាងសំឡេងជាលើកដំបូងក្នុងខែកញ្ញា ដោយចូលរួមការប្រណាំងដែលដឹកនាំដោយមហាអំណាចយោធាដើម្បីដាក់ពង្រាយប្រព័ន្ធសព្វាវុធទំនើប។ អាវុធ Hypersonic ជាធម្មតាហោះហើរឆ្ពោះទៅរកគោលដៅនៅរយៈកម្ពស់ទាបជាងកាំជ្រួចផ្លោង ហើយអាចសម្រេចបានច្រើនជាងប្រាំដងនៃល្បឿនសំឡេង ឬប្រហែល 6,200 គីឡូម៉ែត្រក្នុងមួយម៉ោង (3,850 ម៉ាយក្នុងមួយម៉ោង)៕SP