ALMATY៖ ការិយាល័យរបស់ប្រធានាធិបតីកាហ្សាក់ (Kazakh) បាននិយាយថា លោក Kassym-Jomart Tokaev បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋាភិបាល កាលពីថ្ងៃពុធ បន្ទាប់ពីការតវ៉ាដោយហិង្សាដែលបង្កឡើងដោយការដំឡើងថ្លៃប្រេងឥន្ធនៈ បានធ្វើឱ្យកក្រើកប្រទេសអាស៊ីកណ្តាលដែលសម្បូរទៅដោយប្រេងមួយនេះ។

ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបណ្តេញបាតុកររាប់រយនាក់ចេញពីទីលានសំខាន់ក្នុងទីក្រុង Almaty ដែលជាអតីតទីក្រុងធំបំផុតរបស់សាធារណរដ្ឋសូវៀត ហើយការប៉ះទង្គិចបានបន្តអស់រយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់ក្បែរនោះ។

ការតវ៉ាបានអង្រួនរូបភាពរបស់អតីតសាធារណរដ្ឋសូវៀតដោយថា ជាប្រទេសមួយដែលមានស្ថិរភាពនយោបាយ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលប្រទេសនេះធ្លាប់ទាក់ទាញការវិនិយោគបរទេសរាប់រយពាន់លានដុល្លារទៅក្នុងឧស្សាហកម្មប្រេង និងលោហធាតុរបស់ខ្លួនក្នុងរយៈពេល ៣ ទសវត្សរ៍នៃឯករាជ្យភាព។

លោក Kassym-Jomart Tokaev បានប្រកាសភាពអាសន្ននៅក្នុងទីក្រុង Almaty និងខេត្ត Mangistau ភាគខាងលិចដែលផលិតប្រេង កាលពីព្រឹកថ្ងៃពុធ ហើយបាននិយាយថា អ្នកបង្កហេតុក្នុងស្រុក និងបរទេសជាអ្នកនៅពីក្រោយអំពើហិង្សានេះ។

ការតវ៉ាបានចាប់ផ្តើមនៅក្នុងខេត្ត Mangistau កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឡើងតម្លៃលើឧស្ម័នប្រេងរាវ ដែលជាប្រេងឥន្ធនៈរថយន្តដ៏ពេញនិយម មួយថ្ងៃមុននេះ បន្ទាប់ពីនោះតម្លៃរបស់វាបានកើនឡើងជាង ២ ដង។

ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីស្តីទីកាលពីថ្ងៃពុធ លោក Kassym-Jomart Tokaev បានបញ្ជាឱ្យសមាជិកនិងអភិបាលខេត្ត ស្តារឡើងវិញនូវការគ្រប់គ្រងតម្លៃឧស្ម័ន LPG និងពង្រីកឡើងវិញចំពោះប្រេងសាំង ប្រេងម៉ាស៊ូត និងទំនិញប្រើប្រាស់ "សំខាន់សង្គម" ផ្សេងទៀត។ លោកក៏បានបញ្ជាឱ្យរដ្ឋាភិបាលបង្កើតច្បាប់ក្ស័យធនផ្ទាល់ខ្លួន ហើយពិចារណាលើការបង្កកតម្លៃឧបករណ៍ប្រើប្រាស់ និងឧបត្ថម្ភថ្លៃឈ្នួលផ្ទះសម្រាប់គ្រួសារក្រីក្រផងដែរ។

ជាងនេះទៅទៀត លោកបាននិយាយថា ស្ថានការណ៍កំពុងមានភាពប្រសើរឡើងនៅក្នុងទីក្រុង និងទីប្រជុំជនដែលរងការតវ៉ា បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាស ដែលបណ្តាលឱ្យមានបម្រាមគោចរ និងការរឹតបន្តឹងចលនាតវ៉ា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ