បុរសខ្លាំងហ្វីលីពីន ប្រកាសដាច់ខាត នឹងមិនសុំទោសចំពោះការសម្លាប់មនុស្សក្នុងសង្គ្រាមគ្រឿងញៀនឡើយ
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា លោកនឹងគ្មានថ្ងៃសុំទោសឡើយ ចំពោះជនសង្ស័យ, អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ដែលបានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប ដោយប៉ូលិសជាតិហ្វីលីពីននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។
យោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីន ជនសង្ស័យពាក់ព័ន្ធគ្រឿងប្រមាណជាង ៦,២០០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។ ជុំវិញការចោទសួរសាជាថ្មី អំពីភាពទទួលខុសត្រូវក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះ លោក Duterte បានថ្លែងទៅកាន់ប្រជាជាតិលោកទាំងមូលថា «ខ្ញុំនឹងគ្មានថ្ងៃសុំអភ័យទោស ចំពោះការស្លាប់ទាំងនោះឡើយ។ សម្លាប់ខ្ញុំទៅ.ចាប់ខ្ញុំដាក់គុក. ខ្ញុំនឹងមិនសុំទោសជាដាច់ខាត»។
សូមបញ្ជាក់ថា ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីខែកញ្ញា បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតឺតេ ជុំវិញការចោទប្រកាន់ពី បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ។
គួរបញ្ជាក់ថា លោក ឌូតឺតេ កាលពីខែកក្កដាកន្លងទៅនេះ បានរិះគន់លើតុលាការ ICC ហើយថាលោកនឹងនៅតែបន្តធ្វើសង្រ្គាម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រជាជនហ្វីលីពីនជំនាន់ក្រោយ។ ទោះជាយ៉ាងណា ការស្ទង់មតិនៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីសង្គ្រាមគ្រឿងញៀនបានធ្វើឡើងនោះ ប្រជាជនហ្វីលីពីនភាគច្រើន នៅតែគាំទ្រការដឹកនាំរបស់លោក ឌូតឺតេ ដដែល៕SP