យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅទីសក្ការបូជាសាសនាហិណ្ឌូ
ឥណ្ឌា៖អាជ្ញាធរឥណ្ឌាបាននិយាយថាយ៉ាងហោចណាស់អ្នកធ្វើធម្មយាត្រាសាសនាចំនួន១២ នាក់បានស្លាប់ និង១៤នាក់ទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅឯទីសក្ការបូជាហិណ្ឌូ ក្នុងតំបន់ Kashmir នៅព្រឹកថ្ងៃសៅរ៍។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។
បើតាមប្រភពពីមន្ត្រីម្នាក់ទៀតបាននិយាយថា ការរត់ជាន់គ្នានេះបានកើតឡើង នៅពេលហ្វូងអ្នកគោរពបូជាសាសនាហិណ្ឌូដ៏ច្រើនមកចូលរួមប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងកន្លែងទីសក្ការៈ Vaishno Devi Bhawan ។
គេនៅមិនទាន់ដឹងច្បាស់ថា ការរត់ជាន់គ្នាដែលបណ្តាលឱ្យស្លាប់ និងរបួសនេះកើតឡើងដោយសារអ្វីនៅឡើយទេ ប៉ុន្តែសាក្សីមួយចំនួនបានអះអាងថា ហ្វូងមនុស្សនៅកន្លែងនោះមិនត្រូវបានគ្រប់គ្រងត្រឹមត្រូវនោះទេ គឺមានភាពរញ៉េរញ៉ៃ។ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះត្រូវបានចាប់ផ្តើម។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានថ្លែងសាររំលែកទុក្ខមួយដោយបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតដោយសារតែការរត់ជាន់គ្នានៅទីសក្ការគោរពបូជាហិណ្ឌូ។ ជាមួយគ្នានេះលោកក៏បានបញ្ជាឱ្យមានបើកការស៊ើបអង្កេតកម្រិតខ្ពស់មួយផងដែរជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ៕SP