រថយន្តថ្មីរបស់ប្រទេសជប៉ុនត្រូវបានគេបញ្ជូនទៅកាន់កំពង់ផែរុស្ស៊ី ប៉ុន្តែរថយន្តទាំងនោះចាប់ផ្តើមកក ដោយសារអាកាសធាតុចុះត្រជាក់ដល់-១៩អង្សារសេ
រុស្សី៖រថយន្តរាប់សិបគ្រឿងត្រូវបានបញ្ជូនទៅកាន់កំពង់ផែក្នុងទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីប៉ុន្តែដោយសារអាកាសធាតុមិនអំណោយផល កត្តានៃការចុះត្រជាក់ខ្លាំងរហូតដល់ -19C និងខ្យល់បក់ខុសធម្មតាបានធ្វើឱ្យរថយន្តទាំងនោះកកទាំងស្រុង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mailចុះផ្សាយនៅថ្ងៃទី ២៩ ខែ១២ ឆ្នាំ២០២១។
បើតាមការរាយការណ៍ កម្រាស់ព្រិលមានកម្រិតកា្រស់ខ្លាំង រថយន្តខ្លះត្រូវបានគ្របដោយទឹកកកក្រាស់រហូតដល់ទៅប្រាំមួយអ៊ីញឯណោះ។ រថយន្តដែលនៅលើនាវាដឹកទំនិញ Sun Rio បានដឹកជញ្ជូនទៅកាន់កំពង់ផែនៃ ប្រទេសរុស្សីនោះ មានរថយន្ត របស់ក្រុមហ៊ុនToyota និង Honda ។
ប្រធានក្រុមនាវិកសមុទ្រក្នុងស្រុក លោកPyotr Osichansky អាយុ ៧២ ឆ្នាំបាននិយាយថា "វាជាខែធ្នូ ហើយសមុទ្រមានកម្លាំងបក់ខ្លាំង ទឹកសមុទ្របានហៀរមកលើនាវា ហើយប្រែទឹកទាំងនោះទៅជាកកក្រាស់។ ជាក់ស្តែងក្នុងពេលលើកយករថយន្តនោះចេញក្រុមនាវិកនឹងប្រើប្រាស់វិធីគ្រប់យ៉ាងចាប់ពីសារធាតុប្រតិកម្ម និងសារធាតុពន្លត់អគ្គីភ័យ ដើម្បីធ្វើឱ្យទឹកកកនោះរលាយចេញពីរថយន្ត ហើយក្នុងដំណើរការនៃការយកដុំទឹកកកនៅលើរថយន្តទាំងនេះ រថយន្តក៏អាចខូចផងដែរ។
សូមបញ្ជាក់ថា កប៉ាល់ដឹករថយន្តនេះត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ 1991 ដែលត្រូវបានគេហៅថា "Sun Rio" នៅក្នុងសេវាកម្មអស់រយៈពេល ៣ទសវត្សរ៍ ក្រុមហ៊ុនពុំដែលជួបនូវហេតុការណ៍អាក្រក់ដោយសារតែអាកាសធាតុចុះត្រជាក់បែបនេះនោះទេ បច្ចុប្បន្ននេះនាវាធ្វើដំណើរតាមបណ្តោយផ្លូវ Vladivostok - Toyama - Busan ៕SP