ជើងហោះហើរ ជាច្រើនត្រូវលុបចោល ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងនិងខាងលិចប្រទេសជប៉ុន
ជប៉ុន៖ព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងភាគខាងលិចប្រទេសជប៉ុន ជាហេតុបង្កការរំខានដល់ការធ្វើចរាចរណ៍ ហើយជើងហោះហើរ ជាច្រើនត្រូវលុបចោល។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសជប៉ុន NHKនៅថ្ងៃនេះទី២៧ ខែធ្នូ ឆ្នាំ២០២១។
ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន២របស់ប្រទេសជប៉ុន មានក្រុមហ៊ុនអាកាសចរណ៍ ANA Holdings និងក្រុមហ៊ុនអាកាសចរណ៍ Japan Airlines Co បានលុបចោលជើងហោះហើរក្នុងស្រុកសរុបទៅមានចំនួនច្រើនជាង១០០ ដែលនាំអោយប៉ះពាល់ដល់ផែនការ ធ្វើដំណើរថ្ងៃឈប់សម្រាករបស់អ្នកដំណើររាប់ពាន់នាក់។
ក្នុងនោះ តាមការព្យាករណ៍រំពឹងថា ព្រិលធ្លាក់នឹងមានកម្រាស់ប្រហែល៩០សង់ទីម៉ែត្រ នៅខេត្តNiigata និងតំបន់ជុំវិញខេត្តមួយនេះ។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីព្រិលធ្លាក់ខ្លាំង ដែលអាចធ្វើអោយយានយន្តទាំងឡាយជាប់គាំងដំណើរនៅតាមដងផ្លូវ។ ហើយពលរដ្ឋរក្សាការអត់ធ្មត់មិនចាំបាច់ត្រូវចេញទៅខាងក្រៅឡើយ ប្រសិនបើគ្មានកិច្ចការចាំបាច់ ជាពិសេស នៅតាមតំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្រប្រទេសជប៉ុន។
យ៉ាងណាក៏ដោយ មិនមានការរាយការណ៍ពីគ្រោះថ្នាក់ផ្សេងៗ មានមនុស្សស្លាប់ ឬមនុស្សរងរបួស ដែលកើតមានឡើងដោយសារតែព្រិលធ្លាក់ខ្លាំងនេះឡើយ៕SP