ប្រទេសតុហ្គា ៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២នេះមានករណី រលកយក្សស៊ូណាមិមួយកើតឡើងនៅកោះ Tongatapu ប្រទេសតុងហ្គា ដែលប្រទេសដែនកោះមួយនេះស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក បានបណ្តាលឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail និង BBC ។

ឃ្លីបវីដេអូដែលត្រូវបានចែករំលែក បានបង្ហាញពីការតក់ស្លុត និងភ័យរន្ធត់យ៉ាងខ្លាំង ។ភ្នំភ្លើងក្រោមសមុទ្រដ៏ធំមានឈ្មោះថា Hunga Tonga-Hunga Haʻapa  វាបានកក្រើកឡើង ធ្វើឱ្យមានកម្ទេចកម្ទីផេះសាយភាយពេញផ្ទៃអាកាស និងបណ្តាលឱ្យ រលកកម្ពស់ជិតមួយម៉ែត្រវាយកម្ទេចផ្ទះនិងព្រះវិហារនៅតាមបណ្តោយឆ្នេរ ។

កម្លាំងនៃការផ្ទុះរបស់ភ្នំភ្លើងក្រោមសមុទ្រ Hunga Tonga-Hunga Haʻapa បានបញ្ចេញឧស្ម័ន ផេះ និងផ្សែង ២0km ទៅលើមេឃ ក្នុងរយៈពេលប្រហែលប្រាំបីនាទី កម្លាំងនៃការផ្ទុះបានបន្លឺជាសម្លេងកក្រើកមេឃដ៏គួរឱ្យភ័យខ្លាច ប្រជាពលរដ្ឋបង្ហាញពីការតក់ស្លុតយ៉ាងខ្លាំង។

មជ្ឈមណ្ឌលឧត្តុនិយមក្នុងប្រទេសដែនកោះមួយនេះ ពុំបានចេញសញ្ញាព្រមានអ្វីមួយមុន ករណីបន្ទុះភ្នំភ្លើងក្រោមសមុទ្រនិងរលកយក្សស៊ូណាមិនេះកើតឡើងនោះទេ ខណៈពេលនេះប្រទេសមួយចំនួនរួមមានដែនកោះ Fiji និងនូវែលសេឡងបានព្រមានប្រជាជនរបស់ខ្លួនដែលរស់នៅលើឆ្នេរសមុទ្រនៃមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវជម្លៀសជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ចំណែក យោធារបស់ប្រទេសនូវែលសេឡង់បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយប្រសិនបើមានការស្នើសុំជំនួយណាមួយកើតឡើង។

មកដល់ពេលនេះ មិនមានសេចក្តីរាយការណ៍ណាមួយ អំពីអ្នករងរបួស ឬទំហំនៃការខូចខាតនៅឡើយទេ។

សូមបញ្ជាក់ថា ប្រទេស តុហ្គា(Tonga) មានដីកោះសរុបប្រហែល ១៧០ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ហើយប្រទេសនេះស្ថិតនៅលើតំបន់ ខ្សែក្រវាត់ភ្នំភ្លើងរបស់មហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា The Pacific Ring of Fire ដែលតែងកើតមានសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ