ភ្នំពេញ ៖ សម្ដេច ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានផ្ដាំផ្ញើបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។

ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង កោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ បានរួមកម្លាំងសាមគ្គីគ្នាចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។

សម្ដេច ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិបានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេច បញ្ជាក់ថា «បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពពួកគាត់»។

លើសពីនេះទៀត សម្ដេច ស ខេង ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ