Bangladesh៖ យោងតាមមន្ត្រីនិងសាក្សី បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) នៅភាគអាគ្នេយ៍ ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះរាប់រយខ្នង បើទោះបីជាមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសក៏ដោយ។
អគ្គីភ័យបានវាយប្រហារជំរុំទី ១៦ ក្នុងស្រុក Cox's Bazar ជាតំបន់ព្រំដែនដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់រស់នៅ ដោយភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដែលដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៧ ។
លោក Mohammed Shamsud Douza មន្ត្រីរដ្ឋាភិបាលបង់ក្លាដែស ទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់បានគ្រប់គ្រងភ្លើងឆេះនោះបានហើយ។ លោកបានបន្ថែមថា មូលហេតុនៃការឆាបឆេះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
យ៉ាងណាម៉ិញ អគ្គិភ័យមួយទៀតបានឆាបឆេះមជ្ឈមណ្ឌលព្យាបាលជម្ងឺកូវីដ ១៩ សម្រាប់ជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួនមួយផ្សេងទៀតនៅក្នុងស្រុក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនបណ្តាលឱ្យមានអ្នករងរបួស។
គួររំលឹកថា ភ្លើងឆេះដ៏សន្ធោសន្ធៅកាលពីខែមីនា ឆ្នាំមុន បានលេបត្របាក់កន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកនៅទីក្រុង Cox's Bazar ដោយបានសម្លាប់ជនភៀសខ្លួនយ៉ាងហោចណាស់ ១៥ នាក់ និងបានឆេះកន្លែងស្នាក់នៅជាង ១០.០០០ ខ្នង។ NR