ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងស្តីពីការ រៀបចំកន្លែងស្នាក់នៅ ព្រមទាំងផ្តល់អាហារសម្រាប់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)រយៈពេលពីរថ្ងៃគឺថ្ងៃទី២៧និង២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

រដ្ឋបាលខេត្តជួយផ្តល់ជាកន្លែងស្នាក់នៅ និងអាហារនេះ គឺដើម្បីជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់មាតា បិតា អាណាព្យាបាល និងបេក្ខជន ដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗនៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងហូបចុកអំឡុងពេលប្រឡង។

ចំពោះមណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន វាលរេញ និងបឋមសិក្សាហ៊ុន សែនវាលរេញ សម្រាប់បេក្ខជនដែលមកពីវិទ្យាល័យហ៊ុន សែនកំពង់សីលា វិទ្យាល័យស្ទឹងហាវ វិទ្យាល័យហ៊ុនសែន កែវផុស និងវិទ្យាល័យហ៊ុនសែន ព្រៃនប់ រដ្ឋបាលខេត្តបានរៀបចំការស្នាក់នៅ នាផ្ទះសំណាក់ឡេងទ្រី ផ្ទះសំណាក់ពេជ្រចិត្តា ផ្ទះសំណាក់ម្លប់ត្រជាក់ចិត្ត និងផ្ទះសំណាក់សុខ ហាយ រួមជាមួយអាហារមួយពេល នៅល្ងាចថ្ងៃទី២៦ ខែធ្នូ និងនៅថ្ងៃទី២៧ ខែធ្នូ ទទួលអាហារបីពេល និងនៅថ្ងៃទី២៨ ខែធ្នូ ទទួលបានអាហារពីរពេល(ព្រឹក និងថ្ងៃត្រង់)។

រីឯមណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យាល័យតេជោសែន កម្មករ សម្រាប់បេក្ខជនមកពីវិទ្យាល័យហ៊ុន សែន ស្មាច់ដែង រដ្ឋបាលខេត្តបានរៀបចំការស្នាក់នៅ នាផ្ទះសំណាក់គ្រូបង្រៀនជាមួយអាហារមួយពេល នៅល្ងាចថ្ងៃទី២៦ ខែធ្នូ និងនៅថ្ងៃទី២៧ ខែធ្នូ ទទួលអាហារបីពេល និងនៅថ្ងៃទី២៨ ខែធ្នូ ទទួលអាហារពីរពេល(ព្រឹកនិងថ្ងៃត្រង់)។

ជាមួយគ្នានេះដែរ រាល់ការផ្ញើយានជំនិះរបស់បេក្ខជននៅគ្រប់មណ្ឌលប្រឡងទាំងអស់ពុំតម្រូវឱ្យបង់ប្រាក់ឡើយ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត រួមជាមួយការឧបត្ថម្ភទឹកសុទ្ធ ម៉ាស និងអាល់កុលជូនបេក្ខជនអំឡុងពេលប្រឡងផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ