យ៉ាងហោចណាស់មនុស្ស១៦៤នាក់បានស្លាប់ និងជិត៦ពាន់នាក់ត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបលើ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសកាហ្សាក់ស្ថាន
ការហ្សាក់ស្ថាន៖យ៉ាងហោចណាស់មនុស្សចំនួន១៦៤នាក់បានស្លាប់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយហិង្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះដែរ ការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថានបាននិយាយកាលពីថ្ងៃអាទិត្យក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សជិត៦,០០០នាក់ត្រូវបានចាប់ខ្លួន រួមមានទាំងជនបរទេសមួយចំនួនធំផងដែរ។ ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកម្រឃើញនៅក្នុងប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតីនៃប្រទេសនេះ បានដាក់ប្រទេសទាំងមូលក្នុងភាពអាសន្ន មុនស្នើសុំជំនួយពីរអង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថាCSTOដឹកនាំដោយរុស្ស៊ី។
តបតាមសំណើរនេះ កាលពីសប្តាហ៍មុន ទាហានមកពីប្រទេសរួមទាំងរុស្ស៊ីត្រូវបានបញ្ជូនទៅកាហ្សាក់ស្ថាន ដើម្បីជួយស្តារសណ្តាប់ធ្នាប់ ហើយបច្ចុប្បន្នស្ថានការណ៍មានស្ថិរភាព ដោយកងទ័ពកំពុងបន្តប្រតិបត្តិការបោសសម្អាត និងយាមកាមតាមកន្លែងយុទ្ធសាស្ត្រ។ យ៉ាណាងស្ថានភាពអាសន្ននិងបម្រាមគោចរទូទាំងប្រទេសនៅតែបន្តមានសុពលភាព។
សូមបញ្ជាក់ថា មានអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងនឹងការដំឡើងថ្លៃប្រេងតាំងពីថ្ងៃទី២ខែមករាឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរនៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះ បានដំឡើងតម្លៃប្រេងរាវសម្រាប់យានយន្ត ដែលធ្វើឱ្យមានប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់។ ប៉ុន្តែការតវ៉ាបានប្រែក្លាយជាអំពើហិង្សា និងរីករាលដាលទៅដល់ការទាមទារផ្សេងៗទៀតទាក់ទងនឹងផ្នែកនយោបាយ៕SP