ប្រជាពលរដ្ឋស្លូតត្រង់ប្រហែល២០០នាក់បានស្លាប់ ក្នុងអំឡុងពេលនៃការវាយប្រហារយ៉ាងសាហាវដោយក្រុមចោរប្លន់ប្រដាប់អាវុធ
នីហ្សេរីយ៉ា ៖ពលរដ្ឋស្លូតត្រង់ ក្នុងភូមិមួយស្ថិតនៅភាគខាងជើងឆៀងខាងលិចប្រទេសនីហ្សេរីយ៉ា ប្រហែល២០០នាក់ឬច្រើនជាងនេះត្រូវបានសម្លាប់ អំឡុងពេលនៃការវាយប្រហារយ៉ាងសាហាវដោយក្រុមចោរប្លន់ប្រដាប់អាវុធ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃទី៨ខែមករាឆ្នាំ២០២២.
បើតាមអ្នកស្រុកបាននិយាយថា នេះ ជាការវាយប្រហារសងសឹកដោយក្រុមចោរប្លន់ ក្រោយការវាយប្រហារតាមអាកាសរបស់យោធាទៅលើកន្លែងលាក់ខ្លួនរបស់ពួកគេក្នុងសប្តាហ៍នេះ។ ពោល បន្ទាប់ពីមានរបាយការណ៍ជាក់លាក់ពីការស៊ើបការណ៍សម្ងាត់ ពួកយោធារបស់រដ្ឋាភិបាលបានបើកការវាយប្រហារតាមអាកាសនៅព្រឹកព្រលឹមថ្ងៃចន្ទ លើគោលដៅនៅក្នុងព្រៃGusami និងភូមិភាគខាងលិចTsareក្នុងរដ្ឋZamfara ដោយបានសម្លាប់ក្រុមចោរប្លន់ជាង១០០នាក់ រួមទាំងមេដឹកនាំរបស់ពួកគេចំនួន២នាក់ផងដែរ។
លោកប្រធានាធិបតីMuhammadu Buhari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា យោធាបានទទួលឧបករណ៍បន្ថែមទៀត ដើម្បីតាមដាននិងលុបបំបាត់ក្រុមឧក្រិដ្ឋជន។ ក្រុមទំនើងទាំងនេះបាននិងកំពុងតែស្ថិតក្រោមសម្ពាធឥតឈប់ឈរពីកងកម្លាំងនីហ្សេរីយ៉ា។
សូមបញ្ជា់ថា នៅតំបន់ភាគខាងជើងឆៀងខាងលិចនៃប្រទេសនីហ្សេរីយ៉ា មានការកើនឡើងយ៉ាងខ្លាំងនៃករណីចាប់ជម្រិត ការចាប់ពង្រត់ជាថ្នូរនឹងប្រាក់និងករណីឧក្រិដ្ឋកម្មហិង្សាផ្សេងៗទៀតតាំងពីចុងឆ្នាំ២០២០មក ខណៈរដ្ឋាភិបាលបន្តពង្រឹងការបង្ក្រាបទៅលើក្រុមចោរប្រដាប់អាវុធ៕SP