ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច បានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។



ក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី វិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី២៩ សីហា នៅស្ដីការក្រសួង លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្នុងនាមជាសមាជិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។



លោករដ្ឋមន្រ្តី បានលើកឡើងថា «ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានតាក់តែង គោលនយោបាយដ៏រឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងការអនុម័តគម្រោងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធានប្រតិបត្តិសម្រាប់មាត្រា៦ នេះ»។



លោករដ្ឋមន្រ្តី បានជឿជាក់ថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយ ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋកូរ៉េ នាពេលខាងមុខ នឹងត្រួសត្រាយផ្លូវរបស់កម្ពុជា ក្នុងការកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើពាណិជ្ជកម្មកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្រោមមាត្រា៦ ដែលអាចនាំកម្ពុជា ឆ្ពោះទៅគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងចូលរួមក្នុងសកម្មភាព អាកាសធាតុសកល កាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារកាបូន ដោយបានបង្កើត និងអនុវត្ដគម្រោង សម្រាប់ការធ្វើពាណិជ្ជកម្មកាបូនជាអន្ដរជាតិ តាមរយៈយន្ដការនានា មានជាអាទិ៍ យន្ដការអភិវឌ្ឍន៍ស្អាត (CDM) យន្ដការឥណទានកាបូនរួម (JCM) និងកម្មវិធីរ៉េដបូក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ