ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ស៊ុន ហួរ ទៅកាន់តុលាការ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ៣លានដុល្លារ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ស៊ុន ហួរ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា លោក ស៊ុន ហួរ ត្រូវបានឃាត់ខ្លួនពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលមានទឹកប្រាក់ប្រមាណ ៣លាន៦៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។
បើតាមលោក សំ វិច្ឆិកា ជនសង្ស័យឈ្មោះ ស៊ុន ហួរ មានអាយុ៥៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែសីហា ដោយអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានរងនូវបណ្តឹងចោទប្រកាន់ថាបានយកប្លង់ដីចំនួន៧ប្លង់ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣លានដុលានដុល្លារអាមេរិក។ ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឲ្យទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ។
បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ច ប្លង់ដីនោះនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងយកទៅផ្ទៀងផ្ទាត់ជាមួយសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនរបស់ឈ្មោះ ស៊ុន ហួរទៅវិញ។ ចំណុចនោះហើយដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ