ក្រុមហ៊ុនWorldBridge Group ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមកពីថៃ ដើម្បីដំណើរការ បណ្ដាក់ទុនថ្មីមួយនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទ្រព្យសម្បត្តិឌីជីថល ដែលមានមូលដ្ឋាននៅប្រទេសថៃ។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅ សណ្ឋាគារ Novotel រាជធានីភ្នំពេញ នៅថ្ងៃទី 28 ខែសីហា ឆ្នាំ 2024 រវាងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Sakolkorn Sakavee ប្រធានក្រុមហ៊ុន Bitkub Capital Group Holdings ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធីបតីភាពឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bitkub Capital Group Holdingsផងដែរ។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group បានឱ្យដឹងថា ការចុះហត្ថលេខាភាពជាដៃគូដែលឈានមុខគេនេះ មានគោលបំណងផ្តល់នូវវេទិកាដ៏រឹងមាំមួយសម្រាប់សេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាច ដំណើរការបាន និងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមក្រុមហ៊ុន Bitkub ជាអ្នកឈានមុខគេលើទីផ្សារ និងមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុង ប្រទេសថ រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្ររបស់ក្រុមហ៊ុន WorldBridge Group អំពីទិដ្ឋភាពធុរកិច្ចក្នុងស្រុករបស់ប្រទេសកម្ពុជា បានធ្វើឲ្យការការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម ក្រុម Bitkub ។ ភាគីទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ផលប័ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅក្នុងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ 1992 ។ ជាមួយនឹងចំណាប់អារម្មណ៍ចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងច្រើនទៀត គ្រុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។
ដោយឡែក ក្រុមហ៊ុនBitkub Capital Group Holdings Co., Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា blockchain និងទ្រព្យសម្បត្តិឌីជីថលឈានមុខគេនៅក្នុងប្រទេសថៃ។ Believe & Beyond” ជំរុញយើងឆ្ពោះទៅរកគោលដៅរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងភ្ជាប់ឱកាសរវាងពិភពលោកចាស់ និងពិភពឌីជីថល ដែលមនុស្សអាចឆ្លងកាត់ដោយសុវត្ថិភាព និងទំនុកចិត្ត។ មិនត្រឹមតែនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្ដោតលើកម្រិតពិភពលោកផងដែរ ៕