រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើអ្នកសារព័ត៌មាន MMO ឈប់បង្ហោះវីដេអូជនដៃដល់ អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅ នូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ ដែលបណ្ដាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរងរបួស ចំនួន ២នាក់។
ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
តាមរយៈបណ្ដាញសង្គម នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានសរសេរថា «សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត»។
លោករដ្ឋមន្ដ្រី បន្ដថា «ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន»។
លោករដ្ឋមន្ដ្រី បន្ថែមថា ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ