ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិសនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចចម្រើនមួយកម្រិតថែមទៀត។

បញ្ហានេះ កាលមុនយើងអត់មានអគ្គិសនីប្រើប្រាស់ តែឥឡូវយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលបច្ចុប្បន្នបានផលិតចេញពីថាមពលស្អាតមាន ថាមពលបៃតង ថាមពលអគ្គិសនី កកើតឡើងវិញ និងថាមពលព្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈបៃតង។

លោក បន្ថែមថា សម្រាប់ជំហ៊ានបន្ត គឺធ្វើយ៉ាងណាអាចយកថាមពលអគ្គិសនីនេះទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ លើវិស័យផ្សេងៗដូចជា ការបម្រើក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងជាក់ស្តែងការប្រើក្នុងស្ថានីយសាកអាគុយនេះជាដើម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ខណៈបច្ចុប្បន្នរថយន្ត និងម៉ូតូកង់បីជាច្រើន ដែលប្រើសាំង ឬម៉ាស៊ូត គឺមានថ្លៃដើមខ្ពស់ មាន ការបំពុលបរិស្ថានច្រើន ក្នុងនោះប្រសិនយើងអាចរុញឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ប្រជាពលរដ្ឋពិតជាបានចូលរួមការពារ បរិស្ថាន ជាពិសេសបរិស្ថានក្នុងទីក្រុងជាដើម ។

ជុំវិញបញ្ហានេះហើយ ទើបក្រសួងបានកំពុងគិតគូររៀបចំ សម្រាប់ការអភិវឌ្ឍស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដោយបានកំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យបានឆាប់ៗ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ