រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តអំពាវនាវអ្នកសារព័ត៌មាន ដែលមិនទាន់ចុះបញ្ជី សូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវ
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានអ្នកសារព័ត៌មានចំនួនប្រមាណ ១០,០០០នាក់ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៨,០០០នាក់ បានធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តអំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់បានមកចុះបញ្ជី នៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ បើសិនជាអ្នកសារព័ត៌មានបំពេញកិច្ចការងារដោយមានគ្មានច្បាប់អនុញ្ញាតនោះទេ គឺជួបការលំបាកព្រោះមិនស្ថិតក្រោមការការពារនៃច្បាប់ពេញលេញនោះទេ «ទាំងអស់គ្នាស្មើភាពគ្នានៅចំពោះមុខច្បាប់»។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលអ្នកសារព័ត៌មានមកចុះបញ្ជីឱ្យបានត្រឹមត្រូវគឺដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងព័ត៌មាន មិនបានចាត់ទុកអង្គភាព ស្ថាប័នសារព័ត៌មាន តូច ឬធំណានោះទេ គឺមានតម្លៃស្មើគ្នា អាចធ្វើការចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងរួមតែមួយ ដើម្បីការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ដែលមានកាតចេញដោយក្រសួងព័ត៌មាន បំពាក់ដោយ QR Code សម្រាប់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ