ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាំមើល អ្នកចោទប្រកាន់ថា កាត់ ៤ខេត្ត ទៅឲ្យវៀតណាម តើពួកគេចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងនោះទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ សីហា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែល នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

សម្ដេចតេជោ គូសបញ្ជាក់ថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន នៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់ ៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ»។

សម្ដេចតេជោ បន្ដថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែល មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជន ដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធ ដើម្បីការពារទៅទៀត។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «សូមជនរួមជាតិចូលរួមទោះតិចក្តី ច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់ បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ