ភ្នំពេញ ៖ ឧក្រិដ្ឋជន ១៤៦ នាក់ មាន ៦ សញ្ជាតិ ក្នុងករណីជួញដូរគ្រឿងញៀនធំៗ ចំនួន ៧៨ ករណី ត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន រួមទាំងដកហូតគ្រឿងញៀនជាង ៥ តោន រយៈពេលពេញមួយឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឱ្យដឹងថា ករណីធំៗ ដែលកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបាននេះ គឺភាគច្រើនបង្ក្រាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្រុមឧក្រិដ្ឋជនបានប្រើគ្រប់កលល្បិចលួចលាក់ដឹកជញ្ជូនមកតាមបណ្ដាខេត្ត ឆ្លងកាត់ចូលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនចេញបន្តទៅកាន់ប្រទេសទី ៣។

លោកឧត្ដមសេនីយ៍ឯក បញ្ជាក់ថា កម្ពុជា ពុំមែនជាប្រទេសផលិតគ្រឿងញៀននោះទេ គឺជាប្រទេសរងគ្រោះដោយការចរាចរគ្រឿងញៀនឆ្លងកាត់ ពីសំណាក់ក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះដែរ គឺជាការងារអាទិភាពចម្បងទី ០៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ