ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅអំឡុងមិថុនា ឬកក្កដា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដែលជាគម្រោងដ៏សំខាន់ នៃផ្លូវនាវាចរណ៍ តភ្ជាប់ផ្លូវទឹកសាប ទៅសមុទ្រ។


ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ស៊ុន ចាន់ថុល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។


លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គម្រោងអាទិភាពខ្ពស់របស់យើង គឺធ្វើយ៉ាងណាខិតខំបើកការចរចាលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលអាចឲ្យឈានទៅបើកដំណើរការបើកការរដ្ឋានសាងសង់នៅខែមិថុនា ឬខែកក្កដាខាងមុខនេះ ព្រោះគម្រោងនេះ គឺជាការងារដែល សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់យ៉ាងខ្លាំង។


លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។


ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល ៨ ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ