ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួង កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) ត្រូវបានផ្លាស់ប្តូរពីទីតាំងចាស់នៅជាន់ទី១ ទៅជាន់ទី៤ នាថ្ងៃទី២៥ មករា លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងថា ការផ្លាស់ប្តូរទីតាំង និងការបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មីជាន់ទី៤ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀត ដូចជា៖ សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ជាក់ស្តែងទីតាំងថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។

លោករដ្ឋមន្ដ្រី បន្ដថា ក្រៅពីការផ្តល់សេវាសាធារណៈ ក្រសួងមានគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាគ្នាផងដែរ។

សូមរំលឹកថា មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទីតាំងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និង តម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ជូនដល់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ