ភ្នំពេញ ៖ ក្រុមហ៊ុន CAMKO INFRACORE របស់កូរ៉េ បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនី នៅប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក នៅប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. ផងដែរ។  

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនេះ លោក Chung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថានផងដែរ។

ចំពោះក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញ។ ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោក Chung Sye-kyun ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បន្ថែមពីនេះតបលើការលើកឡើងអំពីគុណភាពខ្យល់ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យលោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ