កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាប់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាព។
ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន និងក្មេងទំនើង លោក គួច ចំរើន បានស្នើឲ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលបំពេញភារកិច្ច ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាក់ពិន័យនៅតាមផ្លូវគោលដៅនានា ឲ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះត្រូវបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ត្រូវចុះបង្ក្រាបដោយប្រើវិធានការច្បាប់គ្មានការលើកលែង។
បន្ថែមពីលើនេះ លោក អភិបាលខេត្ត បានក្រើនរំលឹកដលកងកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការផ្សព្វផ្សាយពាក់ព័ន្ធកន្លែង បើកលេងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានពីសំណាក់សារព័ត៌មាននានា ដែលបានផ្សាយព័ត៌មានមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឱ្យផ្សព្វផ្សាយព័ត៌មានគ្មានការពិតបំពុលសង្គមតទៅទៀត ព្រោះវាបានធ្វើឱ្យខាត់កម្លាំងកាយ ធនធាន និងរំខានពេលវេលារបស់សម្ដកិច្ចយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ និងបង្ក្រាបលើទីតាំងមិនមែនជាពិត។
លោក អភិបាលខេត្ត បានស្នើដល់កងកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុង-ស្រុក រួមមាននគរបាល អាវុធហត្ថនិងកម្លាំងប្រជាការពារត្រូវសហការគ្នា ក្នុងការចុះត្រួតពិនិត្យអាវុធជាផ្ទុះដោយប្រទាក់ក្រឡាគ្នានៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណា លុបបំបាត់មិនឱ្យកើតមានឡើងនូវករណីការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ