ចាប់ពីថ្ងៃទី២៦-២៩ តុលា ! ខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តាខេត្តមួយចំនួន នៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួន ក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា នៅព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុង ពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្តប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះ ឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើម ពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងបន្ដថា ដោយឡែក នៅថ្ងៃទី៣០ ខែតុលា និងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្តប់លើផ្នែក ខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ ខ្យល់នឹងប្តូរទិសដៅ បក់ពីទិសឦសានមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
-ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួន ក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
-ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។
-នៅថ្ងៃទី៣០ ខែតុលា នៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត មធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ % ទៅ ៤០% ហើយនៅតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ