ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា កម្មវិធី iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Apple បង្កើតឡើងអំឡុងឆ្នាំ២០២១ ដើម្បីរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាព ដោយធានាថារូបថត វីដេអូ ឯកសារ ឬកំណត់ហេតុផ្សេងៗ ងាយស្រួលទាញយកមកប្រើប្រាស់ពីគ្រប់ទីកន្លែងតាមរយៈការតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត។

មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវ និងរកឃើញមានការផ្សព្វផ្សាយផ្តល់កម្ចីអនឡាញតាមរយៈបណ្តាញសង្គម ដោយតម្រូវឲ្យអ្នកខ្ចីប្រាក់ធ្វើការភ្ជាប់គណនី iCloud ម្ចាស់បំណុលលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីធ្វើការគ្រប់គ្រង ចាក់សោរ ឬជ្រៀតចូលទូរសព្ទដៃរបស់ជនរងគ្រោះប្រមូលយកទិន្នន័យសំខាន់ៗ ដូចជា រូបថត វីដេអូ ឯកសារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗដែលបានកត់ត្រាទុកក្នុងទូរស័ព្ទ។

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជន ប្រុងប្រយ័ត្នដូចខាងក្រោម៖

១. សូមកុំដំឡើង iCloud របស់អ្នកដទៃលើទូរសព្ទរបស់ខ្លួនឯង

២. សូមកុំពាក់ព័ន្ធកម្ចីអនឡាញខុសច្បាប់ ដែលនាំឱ្យក្លាយជាបំណុលវ័ណ្ឌក

៣. សូមរក្សាទុកឯកសារសំខាន់ៗ ឲ្យបានត្រឹមត្រូវ

៤. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកបានជួបប្រទះបទល្មើសបច្ចេកវិទ្យានានាលើបណ្តាញសង្គម ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ