ភ្នំពេញ ៖ ជាជំហានដំបូង អង្គប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស តាមមណ្ឌលអប់រំកែប្រែចំនួន៤ បានសម្រេចដាក់សំណើស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបចំនួន១៩០នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៦ ខែសីហា។

សេចក្ដីប្រកាសព័ត៌មាន សរសេរដូច្នេះ៖«ជាលទ្ធផលបឋម អង្គប្រជុំបានសម្រេចដាក់សំណើស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិតសរុបចំនួន១៩០នាក់ ស្រី២៨នាក់»។

កិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិតមកពីមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ( ៩វិច្ឆិកា ) និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលថ្ងៃទី២៦ ខែសីហា រៀបចំឡើងដោយមានការចូលរួមពីសំណាក់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងក្រុមប្រឹក្សានីតិកម្ម លោកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

កាលពីខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស។ ក្នុងព្រះរាជក្រឹត្យបានកំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ការបន្ធូរបន្ថយទោស ក៏អាចធ្វើឡើងនៅក្នុងពិធីបុណ្យ  ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ