ភ្នំពេញ ៖ ភាគីកម្ពុជាទទួលជំនួយហិរញ្ញប្បទានឥតសំណងពីភាគីជប៉ុនសរុបប្រមាណ ៩.៧លានដុល្លារ ដើម្បីយកមកអនុវត្ត «គម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស» ក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។


កិច្ចសហប្រតិបត្តិការងារធ្វើឡើងតាមរយៈលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ខណៈឯកសារពាក់ព័ន្ធនានាត្រូវបានចុះហត្ថលេខា ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកឯកអគ្គរដ្ឋទូត អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមកឱ្យរាជរដ្ឋាភិបាលកម្ពុជានេះ គឺមានទឹកប្រាក់ចំនួន១.៣៣៨លានយ៉េន (មួយចុចបីរយសាមសិបបីលានយ៉េន) ឬស្មើប្រមាណ៩.៧លានដុល្លារអាមេរិក (ប្រាំបួនចុចប្រាំពីរលានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។



គម្រោងខាងលើនេះមានគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ពន្ធនានា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ