ក្រសួងបរិស្ថាន ណែនាំវិស័យឯកជន ចូលរួមកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយជួយជំរុញចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជំរុញបន្ថែមដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត និងរក្សាបាននូវអនាម័យល្អ ជាប្រយោជន៍ដល់ការការពារសុខភាពនិងសុខុមាលភាពសាធារណៈ ក៏ដូចជាចូលរួមលើចលនានៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលផ្ញើជូន ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ឱ្យដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនានា ដែលក្រសួងបរិស្ថាន នឹងដាក់ចេញអនុវត្តជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្នុងរយៈពេលមិនដល់៦០ថ្ងៃ ក្រោយដាក់ចេញនូវយុទ្ធនាការនេះ មានសិស្សានុសិស្ស ទូទាំងប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ បានចូលរួមប្រមាណជាង ២លាននាក់ មកពីសាលាជាង ៩០០០។ ទន្ទឹមនោះដែរ ក៏មានរោងចក្រ សហគ្រាសមួយចំនួនបានចូលរួមក្នុងយុទ្ធនាការនេះផងដែរ។ លើសពីនេះទៀត កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអារាមមួយចំនួន ក៏បាននិងកំពុងចូលរួមយ៉ាងផុលផុសនៅទូទាំងប្រទេស។ ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការនេះ ក្លាយជាចលនាមួយមានកម្លាំងខ្លាំងក្លា អាចនាំឱ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង ពិសេសសំណល់ប្លាស្ទិក។
ក្រសួងបរិស្ថាន បានណែនាំយ៉ាងដូច្នេះថា «ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន ជួយជំរុញចលនាចូលរួម និងដឹកនាំបុគ្គលិក កម្មករទាំងអស់អនុវត្តយុទ្ធនាការនេះនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សំដៅជំរុញអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ឱ្យទទួលបាននូវភាពជោគជ័យ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ