កំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ប្រុសស្រីចំនួន ១០ នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ខួប៧ថ្ងៃបណ្តាលឱ្យក្អួតចង្អោរ និងចុកពោះ ដោយត្រូវបានបងប្អូនហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ ដឹកបញ្ជូនមកធ្វើការសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុក។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ហេតុការណ៍ពុលនំបញ្ចុកនេះកើតឡើង នៅក្នុងពិធីបុណ្យខួប៧ថ្ងៃ នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូរណ៍។

ដោយក្រោយពេលកើតហេតុភ្លាមៗបានសមត្ថកិច្ចមូលដ្ឋានបានដឹកប្រជាពលរដ្ឋរងគ្រោះចំនួន ៦ នាក់ ក្នុងចំណោមរងគ្រោះសរុប ១០នាក់តាមរថយន្តរបស់មន្ទីពេទ្យនាំយកមកធ្វើការសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យបង្អែកស្រុកបរិបូរណ៌ ដោយពួកគាត់មានអាការះក្អួតចង្អោរ និងចុកពោះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា មកដល់ម៉ោង ៨យប់នេះបងប្អូនប្រជាពលរដ្ឋដែលបានពុលនាំបញ្ចុកនោះចំនួន ៦ នាក់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុក ដោយមានអាការៈធូរស្រាច្រើនហើយ និងមិនមានប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ដែលករណីនេះបណ្តាលមកពីនំបញ្ចុក និងបន្លែជាអន្លក់ ទើបធ្វើឱ្យមានការពុលបែបនេះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នលើម្ហូបអាហារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ