សត្វត្មាត ចំនួន ១២៧ក្បាល បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលជាការបំបែកកំណត់ត្រាថ្មី
ភ្នំពេញ ៖ វត្តមានសត្វត្មាត ចំនួន ១២៧ក្បាល នៅ «ភោជនីយដ្ឋានត្មាត» បានបំបែកកំណត់ត្រាថ្មី ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។
យោងតាមហ្វេសប៊ុក USAID Morodok Baitang-មរតកបៃតង បានឲ្យដឹងថា «យើងមានដំណឹងដ៏រំភើបរីករាយមួយ ដោយដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ថ្មីៗនេះបានតាមដាន និងកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញមានចំនួនត្រឹមតែប្រហែល ១៣០ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស»។
USAID បន្ថែមថា ប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាតបីប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។
ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។
ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាតគម្រោង USAID មរតកបៃតង សហការជាមួយសហការជាមួយដៃគូនានាបានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ដល់សត្វត្មាត ដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ