ភ្នំពេញ ៖ ជុំវិញបញ្ហាត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសបញ្ជាក់ថ ទោះបីជាភាគីថៃ មិនឯកភាពជាមួយកម្ពុជា ក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹងទៅ ICJ ដែរ កុំឱ្យបញ្ហានេះស្រពេចស្រពិលដាក់គ្នា។

នាឱកាសអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមដោះស្រាយបញ្ហានេះដោយសន្ដិវិធីផ្អែកទៅលើបច្ចេកទេស និងច្បាប់អន្ដរជាតិ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាតំបន់ប្រាសាទនេះ។

សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យគណៈកម្មការព្រំដែនចម្រុះ JBC របស់កម្ពុជា ក្នុងនោះ រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីពន្លត និងជៀសជាងបកផ្សែង។

សម្តេចបវរធិបតី បន្ថែមថា កម្ពុជា សង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះ ទៅតុលាការអន្ដរជាតិ ក្នុងស្មារតីសុច្រិតភាព និងស្មោះត្រង់ជាមួយគ្នា ទៅវិញទៅមក ដើម្បីបញ្ជៀសបញ្ហានេះ កុំឱ្យអាចក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមដាក់គ្នា ប្រដាប់អាវុធសារជាថ្មី ដោយសារភាពមិនច្បាស់លាស់។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ថា ទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងការយកបញ្ហានេះ ទៅ ICJ ក៏កម្ពុជា នឹងប្ដឹង ទៅ ICJ ទៅលើបញ្ហានេះ ដើម្បីបញ្ចប់នេះ នឹងពន្លតបញ្ហានេះតែម្ដង កុំឱ្យមានបញ្ហា ស្រពេច ស្រពិល ជាពិសេស ការធ្លាក់ចូលក្នុងការបំផុស រុញច្រាន របស់ ក្រុមជ្រុលនិយម មួយក្ដាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធដាក់គ្នា»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ទោះបីកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែន ដោយសន្ដិវិធី តាមយុទ្ធការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ក៏ប៉ុន្ដែកម្ពុជារក្សាសិទ្ធ ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជា គ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះ ហើយនេះ ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ