៤៨ម៉ោង ក្រោយមន្ត្រីបក្សប្រឆាំងថៃម្នាក់ជូនយោបល់ទៅរដ្ឋាភិបាលថៃ ឱ្យបិទ ការនាំចេញប្រេងទៅកម្ពុជា ទីបំផុត កម្ពុជាបានសម្រេចបិទមុនជាផ្លូវការក្នុងការ នាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ពីថៃចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ តទៅ
(ភ្នំពេញ)៖ ៤៨ម៉ោង ក្រោយមន្ត្រីបក្សប្រឆាំងថៃម្នាក់ជូនយោបល់ទៅរដ្ឋាភិបាលថៃ ឱ្យបិទ
ការនាំចេញប្រេងទៅកម្ពុជា ទីបំផុត កម្ពុជាបានសម្រេចបិទមុនជាផ្លូវការក្នុងការ
នាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ពីថៃចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
តទៅ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បាន ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។
សម្តេច បញ្ជាក់ថា «ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង»។បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
ជាមួយគ្នានោះ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងរ៉ែ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុង។
ក្រសួង ថា «ព្រះរាជាណាចក្រកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស»។
សូមរំលឹកថា ថ្លែងប្រាប់ទូរទស្សន៍ PPTV HD 36 នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ មន្ត្រីមកពីគណបក្សប្រឆាំងម្នាក់បាននិយាយថា «ថៃគួរតែបិទការនាំចេញប្រេង រយៈពេល១ខែឬ ២ខែ ទៅកាន់កម្ពុជា នោះកម្ពុជា នឹងចុះចាញ់ដោយខ្លួនឯង»៕