ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះទឹកប្រាក់ ១០០លានរៀល ពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះទឹកប្រាក់ ១០០លានរៀល ពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024) និងទទួលកៅអីឡើងទៅវគ្គបន្តក្នុងពាន SEA V.League។
ឆ្លងកាត់ការប្រកួតអស់រយៈពេល ៤ថ្ងៃ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ និងទទួលបានកូតាដោយស្វ័យប្រវត្តិឡើងទៅប្រកួតពានរង្វាន់ SEA V.League នៅឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីបញ្ចប់ការប្រកួត នៅល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់ប្អូនៗកីឡាករទាំងអស់ ក្រុមការងារគ្រូបង្វឹក ដែលរួមគ្នាសាងស្នាដៃជូនជាតិមាតុភូមិនៅពេលនេះ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យលើកឆាកអន្តរជាតិនានានៅពេលខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល យុវជនស្ម័គ្រចិត្តនិងភាគីពាក់ព័ន្ធនានា ដែលរួមគ្នាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ានមួយនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភនានា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួត ដែលជាផ្នែកមួយនាំបាល់ទះកម្ពុជា ឈានជើងទៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ជាចុងក្រោយ ឯកឧត្តម បានអរគុណបងប្អូនអ្នកគាំទ្រកីឡាបាល់ទះ ទាំងក្នុងនិងក្រៅប្រទេស ដែលបានតាមដានការប្រកួតតាំងពីដើមរហូតដល់ថ្ងៃបញ្ចប់នេះ។ ឯកឧត្តម ថា «យើងនៅមានការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀតក្នុងឆ្នាំ២០២៤ នេះ»។
សូមជម្រាបជូនដែរ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទការប្រកួតបាល់ទះអន្តរជាតិ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI - 2024 SEA V LEAGUE CHALLENGE) នៅទីលានបាល់ទះនៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ