ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានជាថ្មីថា អ្នកប្រព្រឹត្តបទល្មើសនឹងធនធានធម្មជាតិ គ្មានការលើកលែងនោះទេ ដោយពួកគេនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។


ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ ថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា «អ្នកឯងអាចគេចផុតថ្ងៃហ្នឹង ប៉ុន្តែថ្ងៃស្អែកអ្នកឯងនឹងមិនអាចគេចផុតនោះទេ! អ្នកឯងដេកក៏មិនស្រួលដែរ ព្រោះខ្ញុំតាមអ្នកឯងរហូត! អ្នកឯងអាចភ្លេច ប៉ុន្តែខ្ញុំអត់ភ្លេចនោះទេ!»។


លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បាន ត្រូវតែកសាងសំណុំរឿងដាក់ទៅតុលា ដើម្បីចាត់វិធានការតាមច្បាប់កំណត់។ លោករដ្ឋមន្ដ្រី បានរំឭកនូវការដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព។


សូមបញ្ជាក់ថា ដោយអនុវត្តការបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននូវវិធានការទាំង៤ចំណុច ក្រុមអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤-២៥ ខែតុលា បានចុះធ្វើអធិការកិច្ចដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តក្រចេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ