កម្ពុជា-ចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង។
ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្ដមទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
លោក ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ។ ឯកឧត្ដម បានបង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ ច្រើនលើសលប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺដោយសារប្រជាជនមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុង ការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ ប្រជាជន។ លោក បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិន ចំពោះការគាំទ្រ និងជំនួយមិនអាចកាត់ថ្លៃបាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាន់ពេលវេលា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ