ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា គិតចាប់តាំងពីពេលដាក់ឱ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។

កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ បានជួយសម្រួលជីវភាពគ្រួសារពលរដ្ឋមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទទូទាំងប្រទេស។

សូមជម្រាបថា ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការជាផ្លូវការនូវកម្មវិធីឧត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលពេលនោះមានគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៥៣០ ៨៣៨គ្រួសារស្មើនឹង ២ ១៥៣ ១១៤ នាក់ប៉ុណ្ណោះ ត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីទទួលប្រាក់ឧបត្ថម្ភ។

ជាវឌ្ឍនភាព គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីនេះបានដំណើរការអស់រយៈពេល ៤០ខែរួចមកហើយ ដោយក្នុងខែចុងក្រោយនេះ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៩៨៥៨៥គ្រួសារ ឬស្មើនឹង ២ ៧៥៣ ១៣១នាក់ ក្នុងនោះរួមមានកុមារអាយុពី០-៥ឆ្នាំ ១០៩ ៥៤៥នាក់, ជនមានពិការភាព ៥៩ ៩៩៦នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៣៨២ ៤០៤នាក់ និងគ្រួសារដែលផ្ទុកជំងឺអេដស៍ ២ ០២៥គ្រួសារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ កំពុងបន្តអនុវត្តនៅឡើយរហូតដល់ដំណាច់ឆ្នាំ២០២៣ ទើបមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ