កំពង់ធំ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗដែលកើតមានឡើងជា យថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន។


លោក បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារ បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា។


ការជំរុញនេះ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ និងអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ហើយបានដឹកនាំកិច្ចប្រជុំពង្រឹងការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។


បន្ទាប់ស្តាប់នូវរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តន៍បន្ត លើកឡើងដោយលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ រួចមក លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងជម្រុញលើកទឹកចិត្តឲ្យប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានភាពរីក ចំរើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ