ព្រះមហាក្សត្រ នៃកម្ពុជា ចាត់ទុកព្រះរាជពិធីសម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្ត គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២
សៀមរាប ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រាព្ធរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២។
ព្រះមហាក្សត្រ នៃកម្ពុជា ថ្លែងនូវព្រះរាជសុន្ទរកថាយ៉ាងដូច្នេះថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្តតម្លៃជាសាកលពិតប្រាកដ»។
ព្រះមហាក្សត្រ មានព្រះរាជបន្ធូលបន្ដថា ទាំងនេះពិតជា បានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។
ព្រះមហាក្សត្រ មានព្រះរាជបន្ធូលរំឭកថា ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី យាងនិងអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ