ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា» ដែលបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាលលើការត្រៀមស្បៀងបម្រុងទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ ខណៈគិតមកទល់ដំណាច់ខែតុលានេះ រាជរដ្ឋាភិបាលបានបញ្ចេញស្បៀង និងគ្រាប់ពូជដំណាំបានចែកជូនដល់កសិករបានជិត ៣០ម៉ឺនតោន។


ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា»ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានសារៈសំខាន់ណាស់ ពោលគឺជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តការងារ ការសហការ និងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការនៃការចាត់ចែង និងប្រើប្រាស់ស្បៀងបម្រុង គ្រាប់ពូជស្រូវ និងបន្លែ របស់ ប.ស.ប.ក. ដែលរាជរដ្ឋាភិបាលបាន «ដាក់ក្នុងពាងរួម» ទុកសម្រាប់ត្រៀមផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ បានប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។


លោក បន្តថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមាន៖ គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០, យុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភជាដើម សំដៅលើកកម្ពស់ផលិតភាព និង ធ្វើពិពិធកម្មកសិកម្ម ពង្រឹងសន្តិសុខ និង សុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។


ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆិតា ក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជា ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការបម្រុងស្បៀង សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលអាចត្រូវការស្បៀង។ ជាពិសេស នៅពេលមានគ្រោះមហន្តរាយ ឬ គ្រោះធម្មជាតិកើតឡើង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ