ជណ្តើរត្រីទី១ នៅកម្ពុជា មានតម្លៃជិត ១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប
សៀមរាប ៖ ជណ្តើរត្រីទី១ ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ និងត្រូវសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅទំនប់ស្លែង ភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប ស្រុក នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជនដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើ វា។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ