ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួម កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ លោក លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីតសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកឧបនាយករដ្ឋមន្រ្តី ស សុខា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។

លោក បន្តថា ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥។

បើតាមលោក រ៉េន រតនៈ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង។

អ្នកនាំពាក្យ ដដែល បានសម្ដែងក្ដីជឿជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងដែលរក្សាបានតាំងពីរាជរដ្ឋាភិបាលនីតិកាលទី៦កន្លងទៅ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងក្នុងវិស័យមហាផ្ទៃ មាន សម្ដេចក្រឡាហោម ស ខេង ជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសតាមរយៈការពូនជ្រុំបន្ថែមទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើកនេះ នឹងបន្តនាំមកនូវផលប្រយោជន៍ថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ