បញ្ហាចិញ្ចើមផ្លូវ ! ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ បើមិនរៀបចំទេ ទៅថ្ងៃមុខ រាជធានីភ្នំពេញ រកតែផ្លូវដើរ ក៏ដើរមិនកើតដែរ មានតែដើរលើថ្នល់
ភ្នំពេញ ៖ បញ្ហាចិញ្ចើមផ្លូវ នាពេលបច្ចុប្បន្ននេះ ! លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បើមិនរៀបចំទេ ទៅថ្ងៃមុខ រាជធានីភ្នំពេញ រកតែផ្លូវដើរ ក៏ដើរមិនកើតដែរ មានតែដើរលើថ្នល់។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ជំរុញលើកទឹកចិត្តរាជធានី ខេត្ត ធ្វើផែនការគ្រប់គ្រងសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវដោយសន្តិវិធី និងច្បាប់ទម្លាប់ ដើម្បីសណ្ដាប់ធ្នាប់ល្អប្រសើរផង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខុមាលភាពសាធារណៈផង។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអាជ្ញាធររដ្ឋបាលរាជធានី បង្កើន សកម្មភាពផ្សារភ្ជាប់ជាមួយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ឱ្យចូលរួមអប់រំទូន្មានប្រៀនប្រដៅដល់កូនចៅ និងសិស្សានុសិស្ស ខណៈបញ្ហាចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមផ្លូវ នៅតែបន្តចោទឡើង ព្រោះតែភាគច្រើនប្រជាពលរដ្ឋបានធ្វើសកម្មភាពតៗគ្នារំលោភចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច បាត់ផ្លូវថ្មើរជើង នាំឱ្យមានការកកស្ទះ និងគ្រោះថ្នាក់៕